លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទីមួយរបស់កម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានលើកឡើងថា ការបន្តបរិច្ចាគថវិកា ធនធាននិងសម្ភារៈផ្សេងៗដល់កាកបាទក្រហមកម្ពុជាសម្រាប់បំពេញបេសកកម្មមនុស្សធម៌ គឺជាការបង្ហាញពីទឹកចិត្តសប្បុរសនិងសាមគ្គីពលរដ្ឋខ្មែរ ដោយមិនបោះបង់ជនរងគ្រោះ គ្រួសារកងទ័ពពលី គ្រួសារយុទ្ធជនរងរបួលពិការ និងជនភៀសសឹកណាម្នាក់ចោលឡើយ។

លោកជំទាវបណ្ឌិត បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលើកទី១៦៣ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលបានប្រព្រឹត្តទៅនៅភ្នំពេញ កាលពីថ្ងៃពុធ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ការបន្តបរិច្ចាគធនធានដល់កាកបាទក្រហមកម្ពុជាក្នុងខណៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិនានាជាបន្តបន្ទាប់ គឺបានបង្ហាញពីការមិនភ្លេចជួយសង្គម ជួយអ្នកដែលត្រូវការ និងអ្នកដែលមានជីវភាពខ្សត់ខ្សោយជាង។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ការជួបជុំនៅពេលនេះ មិនមែនគ្រាន់តែជាពិធីប្រគល់និងទទួលថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់អំពីទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ដែលតែងតែឈរជាមួយគ្នានៅពេលមានប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក។

លោកជំទាវបណ្ឌិត បានបន្ថែមថា សម្រាប់កាកបាទក្រហមកម្ពុជា ការបរិច្ចាគរបស់សប្បុរសជនមិនមែនគ្រាន់តែជាចំនួនថវិកា ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាទំនុកចិត្តដែលប្រគល់ជូនដល់ស្ថាប័នមនុស្សធម៌មួយនេះ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខនិងត្រូវការជំនួយ។

លោកជំទាវបណ្ឌិត បានបន្តថា ថវិកាដែលបានទទួលពីការបរិច្ចាគនឹងបំប្លែងជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ផ្សេងៗសម្រាប់គ្រួសារដែលកំពុងជួបការលំបាក។ លើសពីនេះ វាជាកម្លាំងចិត្តនិងក្ដីសង្ឃឹមសម្រាប់គ្រួសារជនរងគ្រោះ គ្រួសារជនភៀសសឹក គ្រួសារជនពលី និងយុទ្ធជនរងរបួស។

លោកជំទាវបណ្ឌិត បាននិយាយថា៖ «វាជាសារដ៏កក់ក្ដៅមួយសម្រាប់ប្រាប់ពួកគាត់ថា ពួកគាត់មិនត្រូវបានបំភ្លេចចោលនោះទេ។ នេះហើយជាអត្ថន័យដ៏ធំធេងនៃការបរិច្ចាគ»។

លោកជំទាវបណ្ឌិត បានលើកឡើងថា កាកបាទក្រហមកម្ពុជានឹងបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដោយមិនទុកជនរងគ្រោះណាម្នាក់ចោល ដោយមិនបានទទួលការជួយសង្គ្រោះឡើយ។ កាកបាទក្រហមកម្ពុជាបន្តសហការជាមួយរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះគ្រប់កាលៈទេសៈ។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed